វិធីសាស្ត្រ ៦ យ៉ាងក្នុងការថែរក្សាសុខភាពស្រ្តីអោយបានល្អ

បញ្ហាសុខភាពរបស់ស្រ្តីមានលក្ខណៈខុសគ្នាបន្តិចពីបុរស ដោយសារស្រ្តីមានទំនោរនឹងជួបស្ថានភាពតានតឹងក្នុង​កំឡុងពេលធ្វើការងារ ឬ សូម្បីតែពេលសម្រាកនៅផ្ទះ ហើយស្ថានភាពបែបនេះអាចបណ្តាលអោយស្ត្រីប្រឈមទៅនឹងទម្លាប់មិនល្អក្នុងការរស់នៅរបស់ពួកគេ។ អាស្រ័យហេតុនេះ យើងមិនគួរមើលរំលងអំពីបញ្ហាសុខភាពរបស់ស្រ្តីនោះឡើយ។ ប្រសិនបើអ្នកជាស្ត្រី គន្លឹះថែទាំសុខភាពមួយចំនួនខាងក្រោមនេះនឹងជួយអ្នកអោយមានអារម្មណ៍ស្រស់ស្រាយ និងមានភាពស្វាហាប់ក្នុងពេលដ៏ខ្លី ពីព្រោះវិធីសាស្ត្រដ៏ល្អបំផុតដែលអាចជួយអោយអ្នកជៀសផុតពីជំងឺ មានអាយុវែង និងរស់នៅកាន់តែមានសុភមង្គលនោះ គឺ អ្នកត្រូវមានទម្លាប់ល្អក្នុងការរស់នៅ។ ដើម្បីថែរក្សាសុខភាពអោយបានល្អបំផុតស្រ្តីគួរអនុវត្តតាមជំហានងាយៗទាំង ៦​ ចំនុចខាងក្រោមនេះជាប្រចាំថ្ងៃ៖

គន្លឹះសុខភាពទី ១

ការទទួលទានអាហារអោយមានតុល្យភាព គឺជាមូលដ្ឋានគ្រឹះមួយនៃទម្លាប់រស់នៅដែលប្រកបដោយសុខភាពល្អ។ សុភាសិតមួយដែលលើកឡើងថា ” ដើម្បីអោយសុខភាពល្អ អ្នកត្រូវបរិភោគអាហារសុខភាព ” ហើយវាពិតជាត្រឹមត្រូវ។ ការចៀសវាងបរិភោគអាហារមិនល្អ គឺជាការចាប់ផ្តើមនៃការបរិភោគរបបអាហារអោយមានតុល្យភាព ហើយការធ្វើបែបនេះវាផ្តល់នូវអត្ថប្រយោជន៍ជាងការសម្រកទម្ងន់ និង ការថែទាំសុខភាពទៅទៀត។ ជាទូទៅអាហារកែច្នៃ និងអាហារកញ្ចប់ គឺសំបូរទៅដោយជាតិស្ករ កាឡូរី ខ្លាញ់អាក្រក់ និងជាតិប្រៃ ដូច្នេះអ្នកគួរតែញ៉ាំអាហារសុខភាពជំនួសវិញដែលមានដូចជា បន្លែឆៅ ភ្លៅកង្កែប (Celery) ការ៉ុត ប្រ៉ូខូលី ឬ ត្រសក់ស្រូវរួមជាមួយទឹកជ្រលក់ធ្វើពីយ៉ាអួរដែលមានជាតិខ្លាញ់ទាប។

គន្លឹះសុខភាពទី ២

ការហាត់ប្រាណអាចបង្កើនថាមពលដល់ស្រ្តីជាច្រើន មិនថាពួកគេស្ថិតនៅក្នុងវ័យណានោះទេ រួមទាំងស្ត្រីដែលមានលក្ខខណ្ឌសុខភាពខុសៗគ្នាផងដែរ។ ការហាត់ប្រាណអាចជួយបង្ការការលើសទម្ងន់ ជួយរក្សាទម្ងន់ ធ្វើអោយបេះដូងមានសុខភាពល្អ និងឆ្អឹងរឹងមាំ ហើយអាចអោយអ្នកមានអារម្មណ៍អស្ចារ្យ និងស្រស់ស្រាយ។ របៀបនៃការហាត់ប្រាណមានច្រើនយ៉ាងណាស់សម្រាប់អ្នកជ្រើសរើសរួមមានដូចជា ការដើរ ការរត់ ការហែលទឹក ការហាត់ប្រាណបែបអែរ៉ូបិក ការហាត់យូហ្គា និងការរាំ។ ប្រសិនបើអ្នកមិនបានហាត់ប្រាណជាប្រចាំថ្ងៃ អ្នកអាចចំណាយពេលត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសបា្តហ៍ក្នុងការហាត់ប្រាណ ។

គន្លឹះសុខភាពទី ៣

អ្នកគួរចៀសវាងនូវអាកប្បកិរិយា ឬទម្លាប់ណាដែលបង្គរអោយមានគ្រោះថ្នាក់។ អ្នកត្រូវនៅអោយឆ្ងាយពីអ្នកជក់បារី និងហាមជក់បារី ហើយមិនត្រូវប្រើប្រាស់គ្រឿងញៀន ឬសារធាតុហាមឃាត់នោះទេ។ ប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹង ត្រូវពិសារត្រឹមបរិមាណតិចតួច ឬមធ្យមប៉ុណ្តោះ។ តាមរយៈការសិក្សាស្រាវជ្រាវអំពីសុខភាពស្ត្រីបានបង្ហាញថា ជាទូទៅស្ត្រីអាចពិសារគ្រឿងស្រវឹងមួយកែវក្នុងមួយថ្ងៃដោយមិនប៉ះពាល់ដល់សុខភាព ប៉ុន្តែត្រូវប្រុងប្រយ័ត្ន និងត្រូវដឹងថាភេសជ្ជៈនីមួយៗ មានកម្រិតជាតិអាល់កុលខុសៗគ្នា។

គន្លឹះសុខភាពទី ៤

អ្នកត្រូវគ្រប់គ្រងភាពតានតឹងរបស់អ្នកដោយប្រើប្រាស់វិធីសាស្រ្តលំហែអារម្មណ៍មួយចំនួនដូចជា ការអធិដ្ឋាន ឬសម្មាធិ ការហាត់យូហ្គា ការធ្វើលំហាត់ប្រាណ ការម៉ាស្សា និងការព្យាបាល។ ជាទូទៅស្ត្រីមានទំនួលខុសត្រូវច្រើន និងត្រូវប្រឈមជាមួយសម្ពាធនិងភាពតានតឹងជាច្រើនមិនថាពួកគេស្ថិតនៅក្នុងវ័យជាកូន ជាម្តាយ ឬជាជីដូននោះទេ។ អ្នកគួរតែឆ្លៀតពេលខ្លះជារៀងរាល់ថ្ងៃ សម្រាប់អោយខ្លួនអ្នកសម្រាក។ សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកមានសារៈសំខាន់ដូចគ្នា ដូច្នេះប្រសិនបើសុខភាពទាំងពីរនេះមិនមានលក្ខណៈស៊ីសង្វាក់គ្នាទេ វានឹងអាចបណ្តាលអោយមានគ្រោះថ្នាក់។

គន្លឹះសុខភាពទី ៥

អ្នកត្រូវការពារស្បែកអោយបានល្អពីកំដៅព្រះអាទិត្យ។ ការប្រឈមនឹងកំដៅព្រះអាទិត្យក្នុងកម្រិតមធ្យម វាអាចផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពអ្នក ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្នចំពោះការប្រឈមទៅនឹងកំដៅយូវីខ្ពស់ក្នុងរដូវក្តៅ និងនៅក្នុងចន្លោះម៉ោង ១០ព្រឹក និង ៤ល្ងាច។ ការធ្វើការនៅខាងក្រៅ ក្នុងកំឡុងពេលខាងលើនេះ នឹងបណ្តាលអោយស្បែករបស់អ្នកងាយរលាកជាមួយនឹងកំដៅព្រះអាទិត្យ។ ការប៉ះពាល់ទៅនឹងកាំរស្មីយូវីដែលបង្ករគ្រោះថ្នាក់ អាចធ្វើអោយអ្នកមានហានិភ័យនឹងការរលាកស្បែក ដែលបណ្តាលអោយកើតជម្ងឺមហារីកស្បែក និងឈានដល់ការស្លាប់ផងដែរ។ ប្រសិនបើអ្នកត្រូវធ្វើការក្រោមកំដៅថ្ងៃរយៈពេលយូរ អ្នកត្រូវលាបឡេការពារកំដៅថ្ងៃដែលមានសារធាតុការពារពន្លឺព្រះអាទិត្យ SPF កម្រិត 15 យ៉ាងតិចដើម្បីការពារអ្នកពីជម្ងឺមហារីកស្បែក។ ប្រសិនបើអ្នករលាកស្បែកធ្ងន់ធ្ងរ និងជាពិសេសប្រសិនបើ ការរលាកនេះកើតលើរាងកាយលើសពី ១៥% មានអាការៈបាត់បង់ជាតិទឹក ក្តៅខ្លួន ឬមានការឈឺចាប់ខ្លាំងលើសពី ៤៨ម៉ោង នោះអ្នកត្រូវស្វែងរកការព្យាបាលអោយបានទាន់ពេលវេលា។

គន្លឹះសុខភាពទី ៦

អ្នកគួរតែធ្វើតេស្តរកជម្ងឺមហារីកដូចជា ការធ្វើតេស្តជម្ងឺមហារីកដោះ មហារីកស្បូន មហារីកពោះវៀន ឬជម្ងឺមហារីកសួតជាដើម ជាពិសេសសម្រាប់ស្រ្តីទាំងឡាយណាដែលមានហានិភ័យខ្ពស់ក្នុងការកើតជម្ងឺមហារីក ដោយសារកត្តាភាពចាស់ ឬ លក្ខខ័ណ្ឌសុខភាពរបស់ពួកគេ។ ទោះបីជាអ្នកមានអារម្មណ៍ថាខ្លួនអ្នកមិនឈឺក៏ដោយ ការធ្វើតេស្តនិងពិនិត្យសុខភាពជាប្រចាំអាចអោយអ្នកដឹងពីស្ថានភាព ឬ បញ្ហាសុខភាពរបស់អ្នកនៅក្នុងដំណាក់កាលដំបូង។ សមាគមប្រឆាំងជម្ងឺមហារីកនៅសហរដ្ឋអាមេរិក លែងណែនាំអោយស្ត្រីធ្វើការពិនិត្យសុដន់ដោយខ្លួនឯងជាប្រចាំខែទៀតហើយ ក៏ប៉ុន្តែការពិនិត្យនេះនៅតែជាជម្រើសមួយ សម្រាប់ស្ត្រីក្នុងការពិនិត្យសុដន់ដោយខ្លួនឯង នៅពេលដែលពួកគេចាប់ផ្តើមចូលដល់វ័យ២០ឆ្នាំ។ អ្នកគួរតែពិនិត្យរកមើលដុំ ឬបម្រែបម្រួលដែលមិនប្រក្រតីណាមួយក្នុងសុដន់របស់អ្នក និងរាយការណ៍បញ្ហាសុខភាពរបស់អ្នកទៅកាន់វេជ្ជបណ្ឌិត។
ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
ត្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.